khmer eng
  • ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ រៀបចំពិធីសំណេះសំណាលជាមួយអង្គបោះឆ្នោតនៃក្រុមប្រឹក្សាឃុំទាំង១២ ក្នុងស្រុកបាធាយ និងក្រុមប្រឹក្សាឃុំទាំង១០ ក្នុងស្រុកជើងព្រៃ
     
    ចែករំលែក ៖

    នាថ្ងៃពុធ ទី២៥ ខែកញ្ញា ឆ្នាំ២០២៤ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ (ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ) ដឹកនាំដោយឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី២ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានអញ្ជើញជួបសំណេះសំណាលជាមួយនឹងអង្គបោះឆ្នោត នៃក្រុមប្រឹក្សាឃុំទាំង១២ ក្នុងស្រុកបាធាយ និងក្រុមប្រឹក្សាឃុំទាំង១០ ក្នុងស្រុកជើងព្រៃ ខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពីអភិបាលរងខេត្ត ប្រធានក្រុមប្រឹក្សាស្រុក អភិបាលស្រុក សមាជិកក្រុមប្រឹក្សាឃុំ ប្រធានសមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ នាយប៉ុស្តិ៍នគបាលឃុំ និងស្មៀនឃុំ ក្នុងស្រុកបាធាយចំនួន ១១១នាក់ និងក្នុងស្រុកជើងព្រៃចំនួន ៩៥នាក់។

    ក្នុងឱកាសសំណេះសំណាលដាច់ដោយឡែកពីគ្នា ឯកឧត្តមប្រធានក្រុម បានជម្រាបជូនអង្គពិធីអំពីតួនាទី មុខងារ និងអាទិភាពរបស់ព្រឹទ្ឋសភា នីតិកាលទី៥ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ប្រធានព្រឹទ្ធសភា ជាពិសេសការចុះជួបប្រាស្រ័យជាមួយនឹងអង្គបោះឆ្នោត និងប្រជាជននៅតាមមូលដ្ឋាន ដើម្បីធ្វើការពិភាក្សា ស្តាប់មតិយោបល់ សំណូមពរ និងបញ្ហាប្រឈមនានា ព្រមទាំងចូលរួមមតិជួយពង្រឹងការអនុវត្តតួនាទីរបស់ក្រុមប្រឹក្សាឃុំ សង្កាត់ ការផ្តល់សេវាសាធារណៈ ការងារអនុវត្តន៍គោលនយោបាយវិមជ្ឈការនិងវិសហមជ្ឈការ ការពង្រឹងការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព និងការងារអភិវឌ្ឍន៍មូលដ្ឋាន។

    ឯកឧត្តមប្រធានក្រុមបានរំឭកដោយសង្ខេបអំពីសភាពការណ៍អស់រយៈជាងពីរទសវត្សរ៍ក្នុងការឆ្លងកាត់សង្គ្រាម និងរបបប្រល័យពូជសាសន៍ និងការតស៊ូរបស់វីរៈជនស្នេហាជាតិក្នុងការរំដោះជាតិរួចផុតពីរបបប្រល័យពូជសាសន៍ ការកសាង ការថែរក្សាសន្តិភាព និងការអភិវឌ្ឍប្រទសជាតិរីកចម្រើនរហូតមកដល់ពេលបច្ចុប្បន្ន។ ជាមួយគ្នានេះ ឯកឧត្តមក៏បានជម្រាបជូនអង្គពិធីជ្រាបអំពីល្បិចកលអុជអាល បំផុសបំបែកបំបាក់សង្គមជាតិ ដោយជនអគតិជ្រុលនិយម ជុំវិញបញ្ហា CLV និងការសម្រេចចិត្តដ៏ត្រឹមត្រូវ និងឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងគោលជំហររបស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ស្តីពីតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV DTA)។ ជាថ្មីម្តងទៀត ឯកឧត្តមប្រធានក្រុមសមាជិកព្រឹទ្ធសភាភូមិភាគទី២ បានក្រើនរំឭកដល់អ្នកចូលរួម និងអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់នៅក្នុងមូលដ្ឋាន បន្តពង្រឹងសាមគ្គីភាព ឯកភាពជាតិ ដែលជាកក្តាចម្បងសំខាន់បំផុត ក្នុងកិច្ចការពារសន្តិភាព ការរក្សាស្ថិរភាព និងការអភិវឌ្ឍជាតិមាតុភូមិកម្ពុជា។

    ឆ្លើយតបនឹងសំណូមពររបស់ឃុំជាលា ក្នុងស្រុកបាធាយ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគ២ បានដោះស្រាយថវិកាជូនសម្រាប់ការទិញគ្រួសក្រហម ដើម្បីចាក់បំពេញផ្លូវសំបុកមាន់ ពីភូមិភ្នំដិល ទៅភូមិតាងិល ដែលមានប្រវែង ៣.៣៣៥ម៉ែត្រ។

    មុននឹងបញ្ចប់ពិធី ឯកឧត្តមប្រធានក្រុមក៏បានប្រគល់ជូន ក្នុងម្នាក់នូវកញ្ចប់ឃីត១ រួមមាន៖ ខោ អាវ មួក ថ្នាំពេទ្យ និងថវិកា ១ម៉ឺនរៀល ដល់អ្នកចូលរួមទាំងអស់។

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សារលិខិតជូនពរ របស់ លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី ប្រធានគណៈកម្មការទី៦ ព្រឹទ្ធសភា គោរពជូន ឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង នាយកខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ ប្រធានព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម ម៉ាន់ ឈឿន ដឹកនាំប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១
    thumbnail
     
    សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុប្លុកឆេន អាមេរិក ចូលជួបសម្តែងការគួរសម
    thumbnail
     
    លិខិតជូនពរ របស់ គណៈកម្មការទី៩ព្រឹទ្ធសភា គោរពជូន ឯកឧត្តម អោក បូរ៉ា អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
    thumbnail
     
    លិខិតជូនពរ របស់ គណៈកម្មការទី៩ព្រឹទ្ធសភា គោរពជូន ឯកឧត្តម ខេង សិទ្ធិគុណ អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា